Ticker

6/recent/ticker-posts

Ad Code

លោកដូណាល់ ត្រាំប្រកាសសង្រ្គាមពាណិជ្ជកម្ម​នឹងប្រទេស​ជាង១០០ ក្នុង​ពិភពលោក


 ប្រតិកម្ម​ធ្លាក់ព្រោងព្រាត ទីផ្សារហិរញ្ញវត្ថុអាស៊ី អឺរ៉ុប អាមេរិក​ចាប់ជ្រួលច្របល់ នៅបន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃពុធទី ២មេសា ប្រកាស​ដំឡើងពន្ធ​លើទំនិញនាំចូលទឹកដីអាមេរិក។ ពីទ្វីបអាស៊ី ទៅអឺរ៉ុប អាមេរិកខាងត្បូង និងអូស្រ្តាលី ប្រទេស​ជាង​១០០​ក្នុងពិភពលោក​ ជាប់ក្នុងបញ្ជីបង់ពន្ធ​របស់​លោកដូណាល់ ត្រាំ យ៉ាងតិច​១០% និង​ខ្ពស់បំផុត ។ ដោយ​ប្រកាស​សង្រ្គាមពាណិជ្ជកម្ម​ជាមួយគ្រប់គ្នា​ក្នុងពិភពលោក ប្រធានាធិបតីអាមេរិក​បានថ្លែងចាត់ទុកថ្ងៃដំឡើងពន្ធ​វាយបកវិញថា ជា​ថ្ងៃរំដោះ របស់សហរដ្ឋអាមេរិក​ដែលត្រូវប្រទេស​ដទៃ មិនថា សម្ព័ន្ធមិត្ត ឬ​ប្រទេសគូប្រជែង តែងយកប្រៀប កេងចំណេញរហូតមក។

ចំពោះ​លោកដូណាល់ ត្រាំ អាមេរិកបានក្លាយជាប្រទេស​រងគ្រោះ​នៅពេល​និយាយ​ពីការដោះដូរពាណិជ្ជកម្មជាមួយប្រទេស​ដទៃ។ នៅចំពោះមុខ​មន្រ្តីរដ្ឋាភិបាល​របស់​លោក និង​កម្មករ​រោងចក្រ​ផលិតរថយន្តDetroit នៅសេតវិមានកាលពីថ្ងៃពុធទី ២ មេសា លោកដូណាល់​ ត្រាំ​បាននិយាយថា អស់ជាច្រើនទសវត្សរ៍ អាមេរិក​ត្រូវ​បានគេ​លួច ឆក់ប្លន់ បំផ្លាញ និង​រំលោភ មិនថា ពីសំណាក់ប្រទេស​ជិតខាង ប្រទេស​សម្ព័ន្ធមិត្ត ឬ​គូសត្រូវ។ ដោយ​ចាត់ទុក ឱនភាពពាណិជ្ជកម្ម​មិនត្រឹម​តែជាបញ្ហាសេដ្ឋកិច្ច ប៉ុន្តែ វា​កិច្ចការជាតិបន្ទាន់ លោកដូណាល់ ត្រាំបាននិយាយ​ថា ដល់វេលាហើយ ​ដែលអាមេរិកត្រូវ​ប្រកាស​ឯករាជ្យ តាមរយៈ​ការដំឡើង​ពន្ធ​ជាទូទៅ​លើទំនិញនាំចូលមកពីគ្រប់ប្រទេស ​ដែលលោក​ចាត់ទុកថា បានកេងយកចំណេញ​ពីអាមេរិករហូតមក។

លោកដូណាល់ ត្រាំបានចាត់ទុក​ថ្ងៃប្រកាសពន្ធលើទំនិញនាំចូលមកពីគ្រប់ប្រទេស​នៅក្នុងពិភពលោក ថា ជា​ថ្ងៃរំដោះ ដែល​ឈាន​ទៅ​ជំរុញ​ឲ្យ​មូលដ្ឋាន​ឧស្សាហកម្ម​អាមេរិកកកើតឡើងវិញ។

គ្មានប្រទេស​ណារួចខ្លួនពី​របាំងពន្ធគយរបស់​លោកដូណាល់ ត្រាំ

ទៅតាម​ក្រិត្យ​ប្រធានាធិបតី​ស្តីពីការដំឡើងពន្ធលើ​គ្រប់ទំនិញនាំចូលអាមេរិកដែលលោកដូណាល់ ត្រាំបានចុះហត្ថលេខាភ្លាមៗកាលពីថ្ងៃពុធទី ២មេសា មានប្រទេស​ និងដែនដី​ចំនួន​១៨០នៅក្នុងពិភពលោក​ដែលជាប់នៅក្នុង​បញ្ជីយកពន្ធ​វាយបក របស់​លោកដូណាល់ ត្រាំ។ ពីអាស៊ី ដល់អឺរ៉ុប អាហ្វ្រិកដល់​អូស្ត្រាលី សុទ្ធតែជាប់ពន្ធ​របស់លោកដូណាល់ ត្រាំ យ៉ាងតិច​ ១០%ឡើងទៅ។ ការអនុវត្ត​ពន្ធ​១០%​នឹង​ត្រូវ​ចាប់ពីថ្ងៃ​សៅរ៍ទី ៥មេសា ចំណែក​ពន្ធធ្ងន់ៗ​ចាប់ពី​១០%​ឡើងទៅ នឹង​ត្រូវ​ចូលជាធរមាន​ចាប់ពីថ្ងៃទី ៩មេសា។

ចិនត្រូវ​ជាប់ពន្ធ​៣៤% អឺរ៉ុប ២០% ចំណែក អ៊ីស្រាអែលវិញ ដែលជាសម្ព័ន្ធមិត្ត​របស់អាមេរិកក៏ត្រូវជាប់ក្នុងបញ្ជីដំឡើងពន្ធថ្មី ចំនួន​១៧%។ ទំនិញតៃវ៉ាន់វិញត្រូវប្រឈមនឹង​ការបង់ពន្ធ​៣២%។ ប៉ុន្តែ ជាការកត់សំគាល់ ប្រទេស​មួយចំនួនដែលស្ថិតនៅក្នុង​ចំណោមបណ្តាប្រទេស​ក្រីក្រ ក៏ជាប់ពន្ធយ៉ាងធ្ងន់ក​ មិនធ្លាប់មានរបស់អាមេរិក ដូចជា​កម្ពុជា ដល់​ទៅ​​៤៩% វៀតណាម ៤៦% ថៃ ៣៧%។ ​

រដ្ឋបាល​លោកដូណាល់ ត្រាំ​វាយតម្លៃថា ការដំឡើង​ពន្ធថ្មី ឬ​ពន្ធ​វាយបកនេះ មិនត្រឹម​ធ្វើឲ្យ​អាមេរិកទទួលយុត្តិធម៌ ដោយលែងចាញ់ប្រៀបដូចមុន ប៉ុន្តែ វា​នឹង​ធ្វើ​ឲ្យអាមេរិករកបានប្រាក់ចំណូល ៦០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ចំពោះ​រដ្ឋបាលត្រាំ ការដំឡើងពន្ធ​លើ​ទំនិញ មកពីគ្រប់ប្រទេស​មិនត្រឹមតែ​ផ្តល់​ប្រាក់ចំណូល​ ដើម្បី​យក​ទៅប៉ះប៉ូវ ទប់ទល់​ប្រាក់ចំណូលជាតិ​ដែលអាច​ធា្លក់ចុះ ដោយសារ​ការកាត់បន្ថយពន្ធលើ​ប្រាក់ចំណូលរបស់ប្រជាជនអាមេរិកតែប៉ុណ្ណោះទេ ប៉ុន្តែ ការដំឡើង​ពន្ធលើទំនិញនាំចូលអាមេរិក​នឹង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បរទេស​ចូលមកវិនិយោគ​នៅទឹកដីអាមេរិក បើសិន​គេ​មិនចង់​ជាប់ពន្ធ​របស់អាមេរិក។ ដោយ​ប្រើ​មធ្យោបាយ​ដាក់សម្ពាធតាមរយៈការដំឡើង​ពន្ធ​លើ​ទំនិញនាំចូលពីគ្រប់ប្រទេស លោកដូណាល់ ត្រាំមានគោលដៅ ​ជំរុញ​រោងចក្រ​ឧស្សាហកម្មក្នុងស្រុក​ ដែល​នឹង​បង្កើតការងារ​ធ្វើសម្រាប់ប្រជាជនអាមេរិក។

ប្រតិកម្មព្រោងព្រាតរបស់សម្ព័ន្ធមិត្ត ប៉ុន្តែ ម្នាក់ៗមិនចង់​ផ្ទុះសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក

ពន្ធវាយបក​របស់អាមេរិក មិនយុត្តិធម៌ គ្មាន​មូលដ្ឋាន​គ្រឹះច្បាស់លាស់ និង​បំផ្លាញ​សណ្តាប់ធ្នាប់ពាណិជ្ជកម្ម​ពិភពលោកដែលផ្អែកលើសេរីភាព​ធ្វើពាណិជ្ជកម្ម​។ នេះជាប្រតិកម្ម​របស់​បណ្តាប្រទេស​ដែលជាប់ពន្ធថ្មី​របស់​រដ្ឋបាលលោកដូណាល់ ត្រាំ។

អឺរ៉ុប និងសម្ព័ន្ធមិត្ត​អាស៊ី​របស់​អាមេរិក ដូចជា​កូរ៉េខាងត្បូង និងជប៉ុនដែល​ប្រតិកម្ម​មិនសប្បាយចិត្ត​ និង​សោកស្តាយដែល​ឃើញ​ប្រធានាធិបតី​អាមេរិក​ដាក់ពន្ធ ដោយមិនលើកលែង។ ប៉ុន្តែ យ៉ាងណាក៏ដោយ អឺរ៉ុប អង់គ្លេស ជប៉ុន ​​​បង្ហាញភាព​អត់ធ្មត់ ដោយចង់​​ជ្រើសរើស​ផ្លូវចរចា រកផ្លូវបន្ធូរបន្ថយពន្ធ​ជាមួយ​រដ្ឋបាលលោកដូណាល់ ត្រាំ ជាជាងការប្រកាសសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក ដែលនឹង​អាចផ្តល់ផលអវិជ្ជមាន ខាតទាំងអស់គ្នា។ ម្យ៉ាង​រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាមេរិក លោក​បាន​ព្រមានរួចហើយ កុំ​ឲ្យ​ប្រទេសដទៃដំឡើងពន្ធសងសឹកវិញ ព្រោះថា អាមេរិក​នឹង​រឹតតែ​ចាត់វិធានការ​ឆ្លើយតបវិញ​យ៉ាងចាស់ដៃ។ នៅក្នុងដំណាក់កាលនេះ រដ្ឋមន្រ្តី​អាមេរិក​ទាមទារ​ឲ្យគេ​ព្រមទទួលយក និង​ត្រូវ​ចរចា​ទ្វេភាគី មួយទល់មួយ ដើម្បីដោះស្រាយ​វិវាទពាណិជ្ជកម្ម ទៅតាម​ករណីប្រទេស​នីមួយៗ។

នៅថ្ងៃពុធ មានតែ​ប្រទេស​មួយចំនួនតូច​​ដែល​ប្រកាស​សងសឹក​វាយបក​នឹង​ការដំឡើងពន្ធរបស់អាមេរិក ដូចជា​ប្រេស៊ីលជាដើមដែលទើប​បាន​បោះឆ្នោត​អនុម័ត​ឲ្យរដ្ឋាភិបា​ល​ត្រៀម​វិធានវាយបក​នឹង​ការដំឡើង​ពន្ធ​១០%ដែលអាមេរិកដាក់លើ​ប្រេស៊ីល។

ចិនជាផ្ទាំងស៊ីបធំរបស់​លោកដូណាល់ ត្រាំ

នៅពេលនិយាយពីភាពមិនស្មើគ្នា​នៅក្នុង​ជញ្ជីងពាណិជ្ជកម្ម លោក​ដូណាល់ ត្រាំ​មានពាក្យពិសេស​និយាយ​ពី​ប្រទេស​ចិន។ លោកត្រាំ​និយាយ​ថា លោក​គោរពប្រធានាធិបតី ស៊ី ជីនពីង និងប្រទេស​ចិន ប៉ុន្តែ ចិន​បានកេងយកប្រយោជន៍ពីអាមេរិក។ ដោយចង្អុរចោទចិន​ថា យកពន្ធ​ដល់ទៅ​៦៧% លើទំនិញអាមេរិក​នាំចូលទៅចិន (ការគន់គណនា​របស់​សេតវិមាន) លោកដូណាល់​បាននិយាយ​ថា លោកនឹង​ដំឡើងពន្ធ​វាយបកវិញ ៤៣%។​ ចិនជាប់ពន្ធធ្ងន់ជាងគេ​របស់​លោកដូណាល់​ត្រាំ ព្រោះថា បើបូកសរុបជាមួយរនាំងពន្ធគយ ២០%​ កាលពីខែ​មីនា ចិនត្រូវ​បង់ពន្ធលើទំនិញរបស់ខ្លួននាំចូល​ទៅអាមេរិក​ដល់ ៥៤%។

យោងតាម​ទិន្នន័យពាណិជ្ជកម្មចិន ជាង១៦%នៃទំនិញរបស់​ចិនដែលមានតម្លៃ​៥០០ពាន់លានដុល្លារ ត្រូវបាន​នាំចូលទៅ​សហរដ្ឋអាមេរិក។ តាមអ្នកជំនាញ ការដំឡើងពន្ធវាយបក​របស់​លោកដូណាល់ ត្រាំ មាន​គោលដៅ​ដាក់គំនាប​លើ​សេដ្ឋកិច្ច​ចិន ព្រោះថា ប្រទេស​តូចៗមួយចំនួន ដូចជា កម្ពុជា វៀតណាម និង​ប្រទេស​នៅអាស៊ីមួយចំនួនទៀត ដែលជា​ទីតាំង​វិនិយោគរបស់ចិន​នៅក្រៅប្រទេស ក៏ត្រូវ​ជាប់ពន្ធធ្ងន់ៗរបស់លោកដូណាល់ ត្រាំ​នៅអាណត្តិថ្មីនេះ។​ដើម្បីគេចរបាំងពន្ធគយ​របស់អាមេរិក​ទៅលើ​ចិនកន្លងមក

​ចិន បាន​ចោទអាមេរិក​ថា កំពុងដើរធ្វើបាបប្រទេស​ដទៃតាមរយៈ​ការដំឡើងពន្ធលើទំនិញនាំចូលទៅអាមេរិក។ ប៉ុន្តែ ផ្ទុយពី​ការប្រកាស​ដំឡើង​ពន្ធ​សងសឹកនៅគ្រាដំឡើងពន្ធ   លើកមុន ចិន​បាន​អំពាវនាវ​ឲ្យអាមេរិក​ប្តូរជំហរ​និងលុបចោល​របាំងពន្ធគយ​ថ្មីដែល​ចិន​យល់ថា នឹងមិនធ្វើ​ឲ្យអ្នកណាម្នាក់ឈ្នះទេ គឺ​មានតែ​អ្នកចាញ់។

៣ គ្រប់ប្រទេស​សុទ្ធតែជាប់បញ្ជីដំឡើងពន្ធ​វាយកបករបស់​លោកដូណាល់ ត្រាំ

តាម​តារាងឈ្មោះ​ប្រទេស​ដែលលោកដូណាល់ ត្រាំ​បង្ហាញ​កាលពី​ថ្ងៃពុធ មាន​ប្រទេស និងដែនដី ដល់ទៅ ១៨០ក្នុងពិភពលោក​ជាប់ក្នុងបញ្ជីរនាំងពន្ធគយ​របស់អាមេរិក។ នៅក្នុងចំណោមនោះ ប្រទេស​ជាង​៦០ ត្រូវបង់ពន្ធ​ខ្ពស់ ច្រើនជាង​១០%។ ប៉ុន្តែ ជា​ការកត់សំគាល់​មាន​ប្រទេស​មួយចំនួន​ ដែលគ្មាន​ឈ្មោះ នៅក្នុងតារាង​របស់សេតវិមាន នោះគឺកាណាដា ម៉ិកស៊ិក និង​រុស្ស៊ីជាដើម។ គ្មានឈ្មោះ មិនមែនមានន័យថា រួចខ្លួនទេ។ ម៉ិកស៊ិក និងកាណាដា ប្រទេស​ជិតខាងរបស់អាមេរិក​កំពុង​ជាប់ពន្ធ២៥%​របស់លោកត្រាំ តាំងពីខែ​មីនាម្ល៉េះ។ ចំណែក​រុស្ស៊ីវិញ ស្ថិតនៅក្នុង​បញ្ជីក្រុមប្រទេស​ដែលអាមេរិកដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ពោលគឺ​មិនធ្វើពាណិជ្ជកម្ម​ជាមួយ ដូចជា បេឡារុស កូរ៉េខាងជើង និង​គុយបាជាដើម។

​ការដំឡើងពន្ធជាទូទៅ​របស់​រដ្ឋបាល ត្រាំ​នឹង​បង្កផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក

ដោយដំឡើងពន្ធជាទូទៅ មិនធ្លាប់មាន និង​ធ្ងន់ធ្ងរ ដោយ​គ្មានការលើកលែងសូម្បីប្រទេស​តូចតាច ក្រីក្រ ឬ​ដែនកោះ រដ្ឋបាល​ត្រាំ​ប្រកាស​សង្រ្គាមពាណិជ្ជកម្ម​ជាមួយពិភពលោក។ សង្រ្គាមពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ​ជាមួយពិភពលោកទាំងមូលនឹង​ធ្វើ​ឲ្យ​សណ្តាប់ធ្នាប់ពិភពលោក​ត្រូវ​ក្រឡាប់ចាក់។ អ្នកជំនាញវាយតម្លៃថា សេដ្ឋកិច្ច​ពិភពលោក​នឹង​អាចដើរថយក្រោយ ដោយសារ​តែ​នយោបាយ​រនាំងពន្ធគយ​របស់លោកដូណាល់ ត្រាំ។ គ្រប់ប្រទេស​នឹង​ជួបវិបត្តិ​សេដ្ឋកិច្ច​ អតិផរណា ទំនិញឡើងថ្លៃ​ ការនាំចេញធ្លាក់ចុះ ការបាត់ការងារធ្វើ។ សមាជិក​ព្រឹទ្ធសភាអាមេរិកមកពីគណបក្ស​ប្រជាធិបតេយ្យវិញបានវាយតម្លៃថា នយោបាយ​ដំឡើងពន្ធរបស់​លោកដូណាល់ ត្រាំ​នឹង​ធ្វើ​ឲ្យ​ប្រជាជនអាមេរិក​ជីវភាពមធ្យម ​ត្រូវ​ចំណាយប្រាក់​៥ពាន់ដុល្លារបន្ថែមទៀតដើម្បីបង្រ្គប់ជីវភាពរស់នៅប្រចាំថ្ងៃ។


Post a Comment

0 Comments