Ticker

6/recent/ticker-posts

Ad Code

អ៊ីរ៉ង់ប្រកាសថា​នឹង​វាយ​ប្រហារវិញ​ ប្រសិន​​បើ​អាមេរិក​​ទំលាក់​គ្រាប់​​​លើ​​អ៊ីរ៉ង់


 

អាយ៉ាតូឡា អាលី ខាមីណី មគុទេសន៍​ដឹកនាំ​សាសនាកំពូលរបស់អ៊ីរ៉ង់ បាន​ប្រកាស​កាលពីថ្ងៃចន្ទ​ ទី​៣១មីនា​ថា អ៊ីរ៉ង់នឹងវាយ​ប្រហារតបវិញ​យ៉ាងម៉ឺងម៉ាត់បំផុត ប្រសិន​បើ​អ៊ីរ៉ង់ត្រូវរងការ​បាញ់ទំលាក់គ្រាប់បែក​លើ​។ ទោះមិនបញ្ចេញឈ្មោះឲ្យ​ចំ តែសំដី​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់នេះ គឺជាការឆ្លើយតបទៅនឹង​សំដីគំរាមរបស់​លោកដូណាល់ ត្រាំ ដែល​បាន​ប្រកាសកាលពីថ្ងៃអាទិត្យថា អាមេរិក​នឹង​បាញ់ទំលាក់​គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិន​បើអ៊ីរ៉ង់មិនចុះកិច្ចព្រមព្រៀង​នុយក្លេអ៊ែរជាមួយអាមេរិក​ទេនោះ​។

នៅក្នុងសុន្ទរកថា​បិទបញ្ចប់បុណ្យបួស​រ៉ាម៉ាដន់ កាលពីថ្ងៃចន្ទទី​៣១មីនា អាយ៉ាតូឡា អាលី ខាមីណី មគុទេសន៍​សាសនាកំពូលរបស់អ៊ីរ៉ង់ បានថ្លែងថា ប្រសិន​បើមានការវាយប្រហារ បាញ់ទម្លាក់គ្រាប់បែក មកលើអ៊ីរ៉ង់មែន នោះអ៊ីរ៉ង់នឹងឆ្លើយតបវិញ​យ៉ាងម៉ឺងម៉ាត់ ឲ្យសក្តិសមបំផុត​។

គួរកត់សំគាល់ថា សម្តីរបស់អាយ៉ាតូឡា អាលី ខាមីណី នេះ គឺមិនបញ្ចេញ​ឈ្មោះឲ្យចំថានរណា​ជាអ្នកគំរាមអ៊ីរ៉ង់ទេ​។ ក៏ប៉ុន្តែ គេអាចដឹងយ៉ាងច្បាស់ ថា​មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បាន​ឆ្លើយតបទៅនឹងសំដីគំរាម​របស់​លោកដូណាល់ ត្រាំ។ នៅក្នុងបទសម្ភាសន៍​មួយ​ ឲ្យ​ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យ លោកដូណាល់ ត្រាំ បាន​លើកឡើងថា ប្រសិន​បើដំណើរការចរចាការទូត ស្តីពីកម្មវិធី​នុយក្លេអ៊ែរអ៊ីរ៉ង់ ជួបបរាជ័យ នោះអាមេរិក​អាចនឹងបើកការវាយប្រហារ បាញ់ទំលាក់គ្រាប់បែក​ទៅលើអ៊ីរ៉ង់​។ លោកត្រាំ បានគូសបញ្ជាក់ម្តងហើយ​ម្តងទៀត ថាបើអ៊ីរ៉ង់នៅតែរឹងរូស មិនចុះកិច្ចព្រមព្រៀងទេ អាមេរិក​នឹងបាញ់គ្រាប់បែកកម្ទេចអ៊ីរ៉ង់​។

សូមបញ្ជាក់ថា ក្រោយ​សំដីគំរាម​ដោយ​ចំហរបស់​លោកដូណាល់ ត្រាំ នេះ អ៊ីរ៉ង់បានបង្ហាញការ​មិនសុខចិត្ត ដោយ​បាន​កោះឲ្យចូលជួប ទទួល​បាន​​ការបំភ្លឺ ពី​សំណាក់​លោក​អគ្គរដ្ឋទូតស្វីសប្រចាំនៅក្រុងតេអេរ៉ង់ ដែលជាអ្នកជំនួសមុខ​ឲ្យសហរដ្ឋ​អាមេរិក​ នៅក្នុងទំនាក់ទំនងជាមួយអ៊ីរ៉ង់​។ លោក Esmaïl Baghaï អ្នកនាំពាក្យ​ក្រសួងការបរទេសអ៊ីរ៉ង់បាន​បង្ហោះសារតាមបណ្តាញសង្គម X ថា ការដែលមេដឹកនាំប្រទេសមួយ ហ៊ានប្រើសំដីគំរាមដោយចំហ ថានឹងទំលាក់គ្រាប់បែក​មកលើអ៊ីរ៉ង់ វា​គឺជាការបំពានជាន់ឈ្លី​ដោយព្រហើន​បំផុត មកលើសន្តិភាពនិងសន្តិសុខអន្តរជាតិ​។

ដោយឡែក លោក Amir ali Hajizadeh អគ្គមេបញ្ជាការ​កងកម្លាំង​អាកាស​ នៃកងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់ បាន​និយាយ​ថា នៅតំបន់ជុំវិញអ៊ីរ៉ង់ គឺអាមេរិកមានមូលដ្ឋានទ័ពដល់ទៅ​១០ ហើយ​ដែលមានទាហានអាមេរិកប្រចាំការ ចំនួន​៥០០០០នាក់​។ មេទ័ពអ៊ីរ៉ង់រូបនេះ ចង់បានន័យ​ថា អ៊ីរ៉ង់អាច​វាយ​ប្រហារទៅ​លើមូលដ្ឋានទ័ពអាមេរិក ដែលស្ថិតនៅជុំ​វិញ​អ៊ីរ៉ង់ ដើម្បីជាការសងសិក​វិញ ក្នុងករណី​ដែល​អាមេរិកវាយប្រហារមកលើអ៊ីរ៉ង់​។

សូមរំលឹក​ថា អ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធី​នុយក្លេអ៊ែរ នៅឆ្នាំ​២០១៥ ជាមួយ​ប្រទេសសមាជិកទាំង​៥​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែគឺ​លោកដូណាល់ ត្រាំ ដែល​បានដកខ្លួន​សហរដ្ឋអាមេរិក​ចេញ​ ពីកិច្ចព្រមព្រៀងនេះនៅឆ្នាំ​២០១៨ នឹងបាន​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​មក​លើអ៊ីរ៉ង់ឡើងវិញ​។ គ្មានសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងនេះ បាន​សាបសូន្យ​ឥតន័យ​ ហើយ​បានធ្វើ​ឲ្យអ៊ីរ៉ង់​ពន្លឿន​កម្មវិធី​នុយក្លេអ៊ែររបស់ខ្លួនយ៉ាងលឿនរហ័ស ដែលធ្វើ​ឲ្យសហគមអន្តរជាតិភ័យបារម្ភ ថាអ៊ីរ៉ង់អាចនឹងមាន​អាវុធនុយក្លេអ៊ែរក្នុងពេលឆាប់ៗ​។

បន្ទាប់ពីបានត្រលប់មកកាន់អំណាចវិញ លោកដូណាល់ ត្រាំ បានប្រកាសបើកច្រកផ្លូវដើម្បី​ចរចាការទូតដោយ​ផ្ទាល់​ជាមួយអ៊ីរ៉ង់ និង​បានផ្ញើលិខិតមួយទៅកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ថែមទៀតផង។ តែជាមួយគ្នានេះ រដ្ឋបាល​លោកដូណាល់ ត្រាំ បានបន្ត​ប្រើប្រាស់​យន្តការដាក់សំពាធសង្កត់​កអ៊ីរ៉ង់ តាមរយៈការ​ដាក់ទណ្ឌកម្ម​បិទផ្លូវ​ឲ្យ​កុំឲ្យអ៊ីរ៉ង់អាចលក់ប្រេងនៅក្រៅប្រទេស​។ កាលពីថ្ងៃព្រហស្បតិ៍ទី ២៧មីនា ភាគីអ៊ីរ៉ង់បានបញ្ជាក់ គេក៏បានផ្ញើលិខិតឆ្លើយតបទៅវិញរួចហើយ តាមរយៈប្រទេស​អូម៉ង់ដែលជាអ្នកនាំសារ​។ នៅថ្ងៃអាទិត្យ ភ្លាម​ៗក្រោយ​សំដី​គំរាម​របស់​លោកដូណាល់ ត្រាំ លោក​ប្រធានាធិបតីអ៊ីរ៉ង់ Massoud Pezeshkian បានបញ្ជាក់ថាថ្មីម្តងទៀត​ ថាអ៊ីរ៉ង់​បដិសេធមិនចរចាដោយ​ផ្ទាល់ជាមួយសហរដ្ឋអាមេរិកទេ ប្រសិនបើអាមេរិក​នៅតែគំរាមផងសំឡុតផងបែបនេះ​។ តែជាមួយគ្នានេះ អ៊ីរ៉ង់​បើក​ផ្លូវ​ឲ្យមានការ​និយាយគ្នា​ដោយ​ប្រយោល តាមរយៈប្រទេសអាជ្ញាកណ្តាលណាមួយ​៕

Post a Comment

0 Comments