យើងសង្កេតឃើញថា តម្លៃហាងឆេងមាសកាលពីម្សិលមិញ មានការប្រែប្រួលចន្លោះ ពិតានតម្លៃ $2912 និងទម្រតម្លៃ $2858 ក្នុងសណ្ឋាន Sideway
តែបានរត់មកប៉ះខ្សែមេ SMA200 បង្ហាញពីលទ្ធភាពខ្ពស់នៃការអស់កំសួលនៃសន្ទុះកំនើនតម្លៃមាស ក្រោយពីលទ្ធផលប្រកាសកម្រិតអតិផរណា មានការកើនឡើង លើសពីការរំពឹងទុក ដោយបានកើនឡើងដល់ទៅ 3% ។
យ៉ាងណាក៏ដោយ អ្នកវិភាគជឿជាក់ថា ទោះបីជាការស្ទុះងើបឡើងវិញនៃអតិផរណារបស់សហរដ្ឋអាមេរិកបានធ្វើឱ្យ Federal Reserve មានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការកាត់បន្ថយអត្រាការប្រាក់ក្តី ក្តីបារម្ភអំពីទស្សនវិស័យពាណិជ្ជកម្មនៅតែកត្តាសំខាន់ក្នុងការគាំទ្រ និងជម្រុញដល់កំនើនតម្រូវការមាស ជាទ្រព្យសុវត្ថិភាព
បន្តទៀត ហើយការធ្លាក់ចុះតម្លៃមាសក្នុងរយៈពេលខ្លីនេះ ត្រូវបានទីផ្សារចាត់ទុកថាវាជាឱកាសដ៏ល្អសម្រាប់វិនិយោគិនក្នុងការបន្តទិញបន្ថែមទៀត។
ជាពិសេសទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃទី 12 បានបង្ហាញថាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក (CPI)ប្រចាំខែ បានកើនឡើង 0.5% ក្នុងខែមករា លើសពីការរំពឹងទុក 0.3% និងជាការកើនឡើងខ្ពស់បំផុត ចាប់តាំងពីខែសីហា ឆ្នាំ 2023។ ការកើនឡើង CPI ប្រចាំឆ្នាំក្នុងខែមករាក៏បានឈានដល់ 3% ខ្ពស់ជាងការរំពឹងទុករបស់ទីផ្សារត្រឹមតែ 2.9% ។ លើសពីនេះទៀត CPI ស្នូលប្រចាំខែបានកើនឡើង 0.4% និង ប្រចាំឆ្នាំ 3.3% ក្នុងខែមករា លើសពីគោលដៅអតិផរណារយៈពេលវែងដែល Federal Reserve ចង់បាននៅកម្រិត 2% ។
ទិន្នន័យនេះពិតជាធ្វើឱ្យមានការលំបាកសម្រាប់ Federal Reserve ក្នុងការពិចារណាកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន។ ប្រធានផ្នែកជួញដូរលោហធាតុមានតម្លៃ ប្រចាំក្រុមហ៊ុន HIGH RIDGE FUTURES បានមានប្រសាសន៍ថាទិន្នន័យ CPI ខ្ពស់ជាងការរំពឹងទុកបានដាក់សម្ពាធជាខ្លាំងលើទីផ្សារហាងឆេងមាស។
លោក PETER GRANT អនុប្រធាន និងជាអ្នកយុទ្ធសាស្ត្រលោហធាតុជាន់ខ្ពស់នៅក្រុមហ៊ុន ZANER METALS បានសម្តែងជាមតិថា ខណៈពេលដែលអត្រាការប្រាក់ខ្ពស់បានដាក់សម្ពាធតិចតួចលើមាស និន្នាការតម្លៃមាសនៅតែមានភាពវិជ្ជមាន ហើយការព្រួយបារម្ភអំពីពាណិជ្ជកម្មនៅតែបន្តជំរុញទីផ្សារមាសឲ្យបន្តកើនឡើង។
អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures ក៏បាននិយាយផងដែរថា ទោះបីជាតម្លៃមាសត្រូវបានលក់ចេញបន្តិចបន្តួចក៏ដោយ ហើយសូម្បីតែការធ្លាក់ចុះពីរបីរយដុល្លារក្នុងមួយអោន ក៏មិនមែនជា "គ្រោះមហន្តរាយ"ដល់ដំណើរការនៃទីផ្សារនោះទេ ព្រោះតែ ការព្រួយបារម្ភអំពីអតិផរណា បំណុល និងវិបត្តិភូមិសាស្ត្រនយោបាយនៅតែកតាលីករសំខាន់នាំមុខ ក្នុងការជំរុញកំណើនតម្លៃហាងឆេងមាសបន្តទៀត។
ប្រធានធនាគារកណ្តាលលោក Jerome Powell បានរំលឹកឡើងវិញនៅក្នុងសក្ខីកម្មចំពោះមុខសមាជិកសភាកាលពីថ្ងៃពុធថា Fed គឺមិនតក់ក្រហល់ប្រញាប់ប្រញាល់ក្នុងការកាត់បន្ថយអត្រាការប្រាក់នោះទេ ខណៈដែលទិន្នន័យដែលបានចេញផ្សាយមុនពេលកិច្ចប្រជុំបានបង្ហាញថាតម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងខែមករា ដែលបង្ហាញថាមិនមានការរីកចម្រើនណាមួយត្រូវបានធ្វើឡើងចំពោះអតិផរណានោះទេ។
លោក Powell បានប្រាប់គណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុ ក្នុងព្រឹទ្ធិសភាអាមេរិកថា "យើងចង់រក្សាការរឹតបន្តឹងគោលនយោបាយសម្រាប់ពេលនេះ" ដោយសំដៅទៅលើផែនការរបស់ Fed ដើម្បីរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែល រហូតដល់មានភស្តុតាងច្បាស់លាស់ថាអតិផរណាកំពុងត្រលប់មករកគោលដៅ 2% វិញ។
0 Comments